Header Ads

Seo Services

តើ​វត្តភ្នំ​ និង​​ភ្នំពេញ​​មាន​ប្រវត្តិ​មកពីណា និង​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច​ខ្លះ?

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៤៣៤ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត​។ ភ្នំពេញ​គឺជា​ឈ្មោះ​ដូនចាស់​ម្នាក់​ឈ្មោះ​ពេញ​។ ដូនពេញ​ដែលជា​មនុស្ស​គួរ​ឲ្យ​គោរព​ស្រឡាញ់​ពី​អ្នកផង​ទាំងពួង និង​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌​បានមក​តាំងទី​លំនៅ​ត្រង់​ម្តុំ​មាត់ទន្លេ​«​ចតុមុខ​»​ដែល​ជាទី​ប្រសព្វ​នៃ​ទន្លេមេគង្គ​លើ​,​មេគង្គ​ក្រោម​, ទន្លេសាប និង​ទន្លេបាសាក់​។

ថ្ងៃមួយ​ក្នុង គ​.​ស ១៣៧២ ភ្លៀង​បាន​បង្អុរ​ចុះ​មួយ​មេ​យ៉ាង​ធំ​ធ្វើ​ឲ្យ​ទឹកទន្លេ​ជន់​លិច​ល្ហល្ហាច​។ ពេលនោះ​ដូនពេញ​ដែល​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​ដ៏​ធំ​មួយ​ដើម​ត្រូវបាន​ទឹកទន្លេ​កួច​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​។ ឃើញ​ដូច្នេះ ដូនពេញ​ក៏​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះមក​លើគោក​។ ពេល​ស្រង់ដើម​គគីរ​ចេញពី​ក្នុង​ទឹកបាន​ហើយ ដូនពេញ​ក៏​ប្រទះឃើញ​ព្រះពុទ្ធ​រូប​៤​ព្រះអង្គ​តូចៗ​ធ្វើ​ពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​ពី​ថ្ម ស្ថិតនៅក្នុង​ប្រហោង​ឈើ​គគីរ​នោះ​។​

​ដូនពេញ​មាន​សេចក្តីត្រេកអរ​ឥតឧបមា ហើយក៏​បាន​ចាត់​ការសង់​ខ្ទម​តូច​មួយ​សម្រាប់​តម្កល់​វត្ថុ​ជាទី​សក្ការៈ​ទាំងនោះ​ទុកជា​បណ្ដោះអាសន្ន​។ ក្រោយមក ដូនពេញ​ក៏​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ជា​កូនភ្នំ​មួយ ហើយ​បន្តិច​ម្តងៗ កូនភ្នំ​នោះ​ក៏បាន​ក្លាយទៅជា​ភ្នំ​ដ៏​ធំ​មួយ​។ ដូនពេញ​ក៏​ចាត់​ឲ្យ​គេ​សង់​ព្រះវិហារ​មួយ​ដើម្បី​តម្កល់​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង​៤​អង្គ​។ ចំណែកឯ​ព្រះ​ពុទ្ធរូប​មួយអង្គ​ទៀត​ដែល​ធ្វើ​ពី​ថ្ម​ក៏ត្រូវ​បាន​គេ​ដង្ហែ​យកទៅ​តម្កល់​ក្នុង​អាសនៈ​មួយ​នៅឯ​ជើងភ្នំ​ប៉ែក​ខាងកើត​នៃ​ព្រះវិហារ​។​



​បន្ទាប់ពី​សាងសង់​ព្រះវិហារ​រួចហើយ ដូនពេញ​ក៏បាន​និមន្ត​ព្រះសង្ឃ​ឲ្យ​មក​គង់​នៅលើ​ជើងភ្នំ​នោះដែរ​។ គឺ​ចាប់តាំងពី​ពេលនោះ​ហើយ​ដែល​ទីតាំង​នោះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា​«​វត្តភ្នំ​ដូនពេញ​» ហើយ​ដែល​ក្រោយមក​ត្រូវគេ​ហៅ​កាត់​ថា "​វត្តភ្នំ​” រហូតមកដល់​សព្វថ្ងៃ​។ ឈ្មោះ​លោកយាយ​ពេញ​ដែលជា​អ្នក​សាងសង់​ទីក្រុង​នេះ​ក៏​ត្រូវគេ​យកទៅ​ប្រើ​ជា​ឈ្មោះ​ទីក្រុង​«​ភ្នំពេញ​»​ជា​រៀង​រហូតមក​។​

ចំណែកឯ​ចេតិយ​នៅលើ​កំពូល​វត្តភ្នំ​ក៏ត្រូវ​គេ​ប្រើ​សម្រាប់​តម្កល់​អដ្ឋិធាតុ​របស់​ព្រះបាទ​ពញាយ៉ាត និង​គ្រួសារ​ព្រះរាជ​វង្ស​។​

​មុននឹង​ជ្រើស​រើសយក​ទីនេះ​ជា​រាជធានី ព្រះបាទ​ពញាយ៉ាត​បាន​សាងសង់​ព្រះរាជវាំង​លើកដំបូង​នៅត្រង់​ទន្លេចតុមុខ គឺ​នៅត្រង់​ព្រះរាជវាំង​សព្វថ្ងៃនេះ​តែម្តង​។ ប៉ុន្តែ នៅ​ឆ្នាំ​១៤៩៧ រាជធានី​ត្រូវបាន​រើ​ទៅ​តាំងនៅ​ក្រុង​អង្គរ​វិញ​។ ឆ្លងកាត់​ប្រវត្តិសាស្ត្រ​បត់បែន​នៃ​ប្រទេសជាតិ រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។ រហូតដល់​ក្នុងអំឡុង​នៃ​រជ្ជកាល​ព្រះបាទ​នរោត្តម  ពោលគឺ​នៅក្នុង​ឆ្នាំ​១៨៦៥ ព្រះរាជវាំង​ថ្មី​មួយ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ចាប់តាំងពី​ពេលនោះ​មក ភ្នំពេញ​ក៏បាន​ក្លាយជា​រាជធានី​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀង​រហូតមក​។​

​កាលពី​ដំបូង​ឡើយ ភ្នំពេញ​គ្រាន់តែ​ជា​ភូមិ​អ្នកនេសាទ​តូច​មួយ​ដ៏​ស្ងៀមស្ងាត់​ដែល​ប្រជុំ​ដោយ​ផ្ទះ​សង់​ពី​ស្បូវ ពី​ឬ​ស្សី ឬក៏​ពី​ឈើ ខ្ពស់​ផុតពី​ដី​។ រយៈកាល​ក្រោយមក ទីក្រុង​នេះ​ក៏បាន​ស្គាល់​អភិវឌ្ឍនភាព​ជាប​ន្ត​បន្ទាប់​។ នៅ​ចុង​សតវត្សរ៍​ទី​១៩ អាណាព្យាបាល​បារាំង​បានធ្វើ​កិច្ចការ​ជាច្រើន​ដូចជា​ការជីក​ទំនប់ ធ្វើ​រុក្ខវិថី និង​សាងសង់​ស្ពាន​តូចៗ ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ក្លាយជា​ទីក្រុង​ដ៏​ស្រស់ស្អាត​ដាច់​គេ​នៅក្នុង​តំបន់​។ សង្កាត់​មួយ​ត្រូវបាន​សាងសង់ឡើង​នៅ​ប៉ែក​ខាងជើង​ទីក្រុង​ដោយ​យក​លំនាំ​តាម​ស្ថាបត្យកម្ម​អាណានិគម​ន៍​បារាំង​។ ផ្ទះ​ត្រូវបាន​សាងសង់​ជា​ជួរ​ដែលមាន​ផ្លូវ​ខ្វាត់ខ្វែង​អមដោយ​រុក្ខជាតិ​សងខាង​ផ្លូវ​។ គឺ​ក្នុងសម័យ​កាលនោះ​ហើយ​ដែល​ទីក្រុង​ភ្នំពេញ​បានក្លាយ​ជា​«​ទីក្រុង​គុជ​នៅ​អាស៊ី​»​។​

No comments:

Powered by Blogger.