តើពាក្យថា «ដើរឲ្យមានបី ស្រដីឲ្យមានបួន» មានអត្ថន័យដូចម្តេចខ្លះ?
ការរស់នៅក្នុងសង្គមមនុស្សត្រូវយល់ ដឹងអំពីមជ្ឈដ្ឋានជុំវិញ និងចេះប្រើពាក្យសំដីឲ្យត្រូវតាមកាលៈទេសៈ។ មនុស្សស្គាល់កាលៈទេសៈតែង ជាទីរាប់អាននៃអ្នកនៅជុំវិញខ្លួន។ ការធ្វើដំណើរទៅណាមកណា ឬធ្វើការនៅកន្លែងណាមួយ គេត្រូវស្វែងយល់អំពីមនុស្សបីពួក គឺថ្នាក់លើ ថ្នាក់កណ្តាល និងថ្នាក់ក្រោម និងចេះប្រើពាក្យសំដីត្រូវតាមថ្នាក់នីមួយៗ និងត្រូវតាមពេលវេលា។
ដើរឲ្យមានបី សំដៅលើការចេះសម្របតាមមជ្ឈដ្ឋានទាំងបី ពោលគឺចំពោះមនុស្សថ្នាក់លើ (ចៅហ្វាយនាយ ឬអ្នកមានធនធានច្រើន) យើងត្រូវគោរពប្រណិប័តន៍តិឲ្យលោកទុកចិត្ត ដើម្បីងាយស្រួលយើងគោរពពឹងពាក់ទៅថ្ងៃក្រោយ ចំពោះមនុស្សថ្នាក់កណ្តាល (ឋានៈស្មើនឹងយើង) យើងត្រូវរាប់អានឲ្យបានច្រើន ព្រោះពេលមានអាសន្នអ្នកនោះឯងជាអ្នកមកជួយយើង និងចំពោះមនុស្សថ្នាក់ក្រោម (អ្នកក្រោមបង្គាប់ ឬសក្តិទាបជាងយើង) យើងត្រូវចេះរាប់អាននិងផ្តល់រង្វាន់ដើម្បីងាយស្រួលប្រើនៅពេលក្រោយ។
ស្រដីឲ្យមានបួន សំដៅលើការចេះនិយាយឲ្យ ត្រូវកាលៈទេសៈ (១)ចេះនិយាយសរសើរគេ (២)ចេះនិយាយជំទាស់ (៣)ចេះនិយាយឲ្យគេយល់ និង(៤)ចេះនិយាយសម្របតាមគេ។


No comments: